អាស៊ាន
ប្រធានាធិបតីហ្វីលីពីនថា មីយ៉ាន់ម៉ា ជាបញ្ហាលំបាកសម្រាប់អាស៊ាន
20, Nov 2023 , 4:26 pm        
រូបភាព
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ចាត់ទុកមីយ៉ាន់ម៉ា ជាបញ្ហាលំបាកសម្រាប់អាស៊ាន ដោយសារជម្លោះ និងអសិ្ថរភាពឥតឈប់ឈរនៅក្នុងប្រទេស។ បើតាមមេដឹកនាំរូបនេះ អាស៊ាន បានបង្ហាញពីការប្តេជ្ញាក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ារួចហើយ តែដំណើរការមានតិចតួចប៉ុណ្ណោះ។



ថ្លែងក្នុងវេទិកាមួយពីកោះហាវ៉ៃដែលត្រូវបានផ្សាយនៅហ្វីលីពីន ក្នុងថ្ងៃទី២០ ខែវិច្ឆិកា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានយល់ឃើញថា បញ្ហានយោបាយនៅមីយ៉ាន់ម៉ា គឺមានភាពស្មុគស្មាញខ្លាំង រួមទាំងស្ថានភាពមនុស្សធម៌ផង។ 
 
«វាមានកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់អាស៊ានលើបញ្ហានេះ។ ប៉ុន្តែវាជាបញ្ហាដ៏លំបាកបំផុត»។ លោក Marcos Jr. បានសង្កត់ធ្ងន់បែបនេះ ដោយបន្តដោយផ្អែកលើការវិភាគខ្លះថា របបសឹកមីយ៉ាន់ម៉ា បានបាត់បង់ការគាំទ្រពីយោធារបស់ខ្លួនរួចហើយ។ 
 
ស្របគ្នានេះ លោកប្រធានាធិបតី បានបន្តថា ស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា គឺមានភាពអាក្រក់ខ្លាំងឡើងៗ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយហ្វីលីពីន ក៏រងផលប៉ះពាល់ផងដែរ ដោយសារតែមានប្រជាជនហ្វីលីពីនត្រូវបានជួញដូរទៅមីយ៉ាន់ម៉ា។ យ៉ាងណាមិញ លោក Marcos Jr. មិនបានបញ្ជាក់ឱ្យបានលម្អិតលើបញ្ហានេះឡើយ។ 
 
តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ មនុស្សច្រើនជាង១លាននាក់ បានភៀសខ្លួននៅមីយ៉ាន់ម៉ា ដើម្បីរកកន្លែងសុវត្ថិភាព និងចៀសពីកន្លែងមានការប៉ះទង្គិចកម្លាំងប្រដាប់អាវុធរវាងយោធា និងជនជាតិភាគតិច ដែលធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន។
 
ចាប់តាំងពីថ្ងៃទី២៧ ខែតុលា សម្ព័ន្ធបងប្អូន (Brotherhood Alliance) ដែលមានការចូលរួមពីកម្លាំងប្រដាប់អាវុធរបស់ជនជាតិភាគតិចចំនួន៣ បានវាយប្រហារលើប៉ុស្តិ៍យោធា និងក្រុង នៅភាគជើងមីយ៉ាន់ម៉ាក្នុងរដ្ឋShan។ កន្លងមក យោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹក នៅក្នុងរដ្ឋ Shan ដែលជាតំបន់កំពុងមានជម្លោះប្រដាប់អាវុធខ្លាំងនោះ។ 
 
សូមបញ្ជាក់ថា ហ្វីលីពីន នឹងធ្វើជាប្រធានផ្លាស់វេនអាស៊ាន ជំនួសមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៦ ក្រោយពេលរដ្ឋាភិបាលយោធា បានសម្រេចបោះបង់ចោលតំណែងដ៏សំខាន់មួយនេះ។
 
នៅក្នុងឆ្នាំ២០០៦ មីយ៉ាន់ម៉ា ក៏ធ្លាប់ដកខ្លួនចេញពីការរៀបចំកិច្ចប្រជុំអាស៊ានផងដែរ ក្រោមហេតុផលមានបញ្ហាក្នុងស្រុក។ កាលនោះ លោកស្រីអ៊ុនសាន ស៊ូជី ស្ថិតនៅក្រោមការឃុំខ្លួន ហើយប្រទេសលោកខាងលិច បានទាមទាររបបសឹកឱ្យដោះលែងលោកស្រី៕ 

Tag:
 ហ្វីលីពីន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com