ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សនយោបាយ ២៩ ប្រជុំឧត្តមក្រុមប្រឹក្សាលើកដំបូង ជាមួយសម្ដេច ហ៊ុន ម៉ាណែត
06, Dec 2023 , 10:39 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ជាលើកដំបូង សម្រាប់អាណត្តិទី៧ នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី៦ ធ្នូ ។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូគណបក្សនយោបាយ ក្រៅរដ្ឋាភិបាល ចំនួន២៩ ដែលជាសមាជិក។



សម្រាប់ប្រតិភូគណបក្សនយោបាយនេះ មានចំនួន១៤៥រូប។ ក្នុងនោះសមាសភាព២៩រូបទៀត មានឋានៈស្មើរដ្ឋមន្ត្រី, ២៩រូបឋានៈស្មើរដ្ឋលេខាធិការ, ២៩រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង២៩រូបទៀត ឋានៈស្មើអគ្គនាយក។ ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣១ ខែតុលា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទាំង១៤៥រូបនេះ។
 
ក្រៅពីប្រតិភូពីគណបក្សនយោបាយទាំងនេះ ក៏មានថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត សរុបជាង២០០នាក់ ចូលរួមក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់លើកដំបូងនេះ។
 
សមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នេះ រួមមានគណបក្ស ប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្ស ហ៊ុនស៊ិនប៉ិច, គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្ស យុវជនកម្ពុជា,គណបក្ស ធម្មាធិបតេយ្យ,គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,គណបក្ស ខ្មែរតែមួយ,គណបក្ស កម្លាំប្រជាធិបតេយ្យ,គណបក្ស កសិករ,គណបក្ស ស្ត្រីដើម្បីស្ត្រី,គណបក្ស បំណងពលរដ្ឋ,គណបក្ស ឯកភាពជាតិខ្មែរ,គណបក្ស ខ្មែរអភិរក្ស, គណបក្ស ពន្លឺថ្មី, គណបក្សសញ្ញាតិកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្ស នគរប្រជាធិបតេយ្យ, គណបក្ស រស្មីខេមរា, គណបក្ស ខ្មែរសាធរណរដ្ឋ , គណបក្ស អំណាចប្រជាពលរដ្ឋ,គណបក្ស មហាសាមគ្គីជាតិខ្មែរ,គណបក្ស ខ្មែរអង្គរ,គណបក្ស អភិវឌ្ឍន៍កម្ពុជា,គណបក្ស មហានគរ,គណបក្ស ខ្មែរឈ្នះ, គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ, គណបក្ស មូលីណាកា និងគណបក្ស ចលនាប្រជាធិបតេយ្យ។
 
នេះជាលើកទី២ហើយ ដែលរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារឧត្តមប្រឹក្សា និងពិគ្រោះយោបល់នេះឡើង ដើម្បីផ្ដល់ឱកាសឱ្យគណបក្សនយោបាយ ដែលមិនជាប់ និងមិនឈ្នះឆ្នោត អាចចូលរួមធ្វើការងារជាមួយរដ្ឋាភិបាល។
 
កាលពីអាណត្តិទី៦ រដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន បានសម្រេចបង្កើតក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយផ្ដល់ភារកិច្ចក្រុមការងារនេះ ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត របស់រាជរដ្ឋាភិបាល និងចុងក្រោយតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ ក្រោមជាតិ ដើម្បីផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។
 
ភ្លាមៗក្រោយបង្កើតឡើង នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នោះ ក្រុមការងារមួយនេះ បានចុះទៅដោះស្រាយបញ្ហាពលរដ្ឋ និងលើកយកចំណុចអសកម្មរបស់មន្ត្រី អាជ្ញាធរពាក់ព័ន្ធជាច្រើន មករាយការណ៍ជូនរដ្ឋាភិបាល ដើម្បីចាត់វិធានការ។
 
ប៉ុន្តែក្រោយដំណើរការងារមួយឆ្នាំនោះ ស្រាប់តែរដ្ឋាភិបាល ដឹកនាំដោយសម្ដេច ហ៊ុន សែន បានចេញបម្រាមមិនឱ្យសមាជិកក្រុមការងារឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ចុះដោះស្រាយរាល់ទំនាស់ ដែលសម្តេចនាយករដ្ឋមន្រ្តី បានដោះស្រាយ និង មានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី (ស.ជ.ណ) រួចហើយ, មិនត្រូវចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ, និង មិនត្រូវដោះស្រាយរាល់ទំនាស់ដីធ្លី ដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រមឬសាលដីការួចហើយ។
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com