ជាតិ
លោក ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យ​បេក្ខជន​បន្ត​ចូលប្រឡង​មន្រ្តី​កសិកម្មឃុំ ទោះមិន​ជាប់​លើក​នេះ
22, Dec 2023 , 4:59 pm        
រូបភាព
នៅ​ថ្ងៃទី​២២ ខែធ្នូនេះ ក្រសួង​មុខងារ​សាធារណៈ បាន​ប្រកាស​លទ្ធផល​បេក្ខជន​ប្រឡង​ជ្រើសរើសមន្រ្តី​កសិកម្ម​ឃុំ​ ដែល​ប្រឡង​កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ។ តាមរយៈ​ការ​ប្រឡងនេះ បាន​រកឃើញ​បេក្ខជន​​ប្រឡង​ជាប់ចំនួន ២៥០នាក់ ក្នុង​នោះ​មាន​ស្រ្តីចំនួន ៩៤នាក់ផងដែរ។ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យ​បេក្ខជន​បន្ត​ចូលប្រឡង​មន្រ្តី​កសិកម្មឃុំ ទោះមិន​ជាប់​លើក​នេះ។



ក្នុងដំណើរ​ការ​រៀបចំ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ បាន​វាយ​តម្លៃថា បេក្ខជន​ដែល​ប្រឡងជាប់ សុទ្ធសឹងតែ​ជា​បេក្ខជន​មាន​សមត្ថភាព​ពិតប្រាកដ ទាំង​ចំណេះដឹង​ទូទៅ ជំនាញ និង​ភាសា​។ ជាមួយ​គ្នានេះ រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​រូបនេះ សំណូមពរដល់ប្រជាកសិករ និង​អាជ្ញាធរមូលដ្ឋាន ស្វាគមន៍ និង​ជឿជាក់​លើ​មន្រ្តីកសិកម្មឃុំ ដែល​ប្រឡងជាប់នៅឆ្នាំនេះ។ 
 
សូម​អញ្ជើញ​ទស្សនា​វីដេអូខាង​ក្រោមនេះដូចតទៅ៖
 

«កុំ​គិតថា បរាជ័យ​មួយ នាំឱ្យ​បាក់ទឹក​ចិត្ត​ ហើយ​គិតថាជា​ចំណុចចុងក្រោយ។ ម្ដង​ហើយ ម្ដងទៀត ការ​ខិតខំប្រឹងប្រែង ពុះពារណនឹង​នាំ​ឱ្យ​យើង​ជោគជ័យ»។ នេះជាការ​លើក​ឡើងរបស់​លោក ហ៊ុន ម៉ានី ដោយ​បន្ត​​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​ដែល​មិនជាប់​នៅឆ្នាំនេះ បន្ត​ចុះ​ឈ្មោះ​ប្រឡង​នៅឆ្នាំ​ក្រោយ​ៗទៀត។ 
 
ក្រោយ​ប្រឡង​ជាប់ មន្រ្តី​កសិកម្មឃុំទាំង ២៥០នាក់ នឹងត្រូវ​ចូលរួម​វគ្គបណ្ដុះ​បណ្ដាលរយៈពេល ១ឆ្នាំជាមុនសិន នៅ​ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ សូម​បញ្ជាក់ តាមរយៈ​ការ​ប្រឡងនេះ ក្រសួង​មុខងារសាធារណៈ និ​ង​ក្រសួង​កសិកម្ម ក៏​បាន​រៀបចំបេក្ខជន​បម្រុងចំនួន ១០នាក់ក្នុង​មួយស្រុក ដើម្បី​ត្រៀម​ក្នុងករណី​បេក្ខជន​ឈប់​ដោយ​ប្រការណាមួយ៕
 




Tag:
 មន្រ្តីកសិកម្មឃុំ
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com