ភ្នំពេញ៖ អាមេរិក បានចេញរបាយការណ៍វាយតម្លៃថា គណបក្សប្រជាជនកម្ពុជា អាចនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចបើកផ្លូវឲ្យមានវត្តមានកងទ័ពចិននៅកម្ពុជា។ ប៉ុន្តែរបាយការណ៍នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាច្រានចោល ហើយចាត់ទុកថា ជាការវាយតម្លៃគ្មានមូលដ្ឋានច្បាស់លាស់។
របាយការណ៍កម្រាស់៤២ទំព័ររបស់អាមេរិក ដែលវាយតម្លៃពីការគំរាមកំហែងពិភពលោកនោះ បានលើកយកករណីក្នុងប្រទេសនីមួយៗ ដូចជាបញ្ហាប្រទេសចិន ទាក់ទងនឹងសមុទ្រចិនខាងត្បូង និងការពង្រីកអំណាច , បញ្ហាគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងឧបទ្វីបកូរ៉េ និងពិភពលោក, សង្គ្រាមនៅក្នុងប្រទេសស៊ីរី ,បញ្ហាក្រុមភេរវកម្មអាល់កៃដារ និងISIS រួមទាំងករណីផ្សេងៗទៀត ដែលទាក់ទងនឹងរុស្ស៊ី អ៊ីរ៉ង អ៊ីរ៉ាក់ ថៃ និងកម្ពុជាជាដើម ។
និយាយពីប្រទេសកម្ពុជា ក្នុងរបាយការណ៍វាយតម្លៃរបស់អាមេរិកនេះ បានលើកយកការក្ដោបក្ដាប់អំណាចរបស់គណបក្សប្រជាជន ដែលកំពុងមានទំនាក់ទំនងស្អិតល្មួតជាមួយចិន មកបរិយាយប្រមាណជា៣បន្ទាត់ថា គណបក្សកាន់អំណាចមួយនេះ នឹងអាចកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ហើយបើកផ្លូវឲ្យកងទ័ពចិន អាចឈរជើងនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។
របាយការណ៍វាយតម្លៃការគំរាមកំហែងពិភពលោករបស់អាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី២៩ មករា ជាភាសាអង់គ្លេស ហើយមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ការឈានឆ្ពោះទៅរកភាពផ្ដាច់ការរបស់កម្ពុជា ដែលស្ដែងឡើងតាមរយៈការរក្សាអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងការគ្របដណ្ដប់យ៉ាងពេញលេញនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចឲ្យវត្តមានកងទ័ពចិននៅក្នុងប្រទេស»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលព័ត៌មានជុំវិញរបាយការណ៍របស់អាមេរិកនេះ។ លោក សួស យ៉ារ៉ា ចាត់ទុកថា ការវាយតម្លៃរបស់អាមេរិកនេះ ជាទស្សនស្រពិចស្រពិល ដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត មិនឲ្យមានករណីបែបនេះកើតឡើងឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ បានឆ្លើយតបដូច្នេះថា៖«ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ ហើយមានអធិបតេយ្យភាពរបស់ខ្លួន។ ហើយនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធានគណបក្ស ក៏លោកបានប្រកាសជាសាធារណៈហើយថា កម្ពុជា ជាទឹកដីមួយ ដែលមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសនៅក្នុងទឹកដីយើងទេនៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះទី១ អ្វីដែលគាត់សរសេរ គឺជាការវាយតម្លៃដោយស្រពិចស្រពិលគ្មានមូលដ្ឋាន។ ទី២ គាត់(អាមេរិក)និយាយអំពីគណបក្សគ្រប់គ្រងអំណាចលើនីតិប្បញ្ញត្ត វាគឺត្រឹមត្រូវ ព្រោះគណបក្សប្រជាជនត្រូវបានប្រជាជនអ្នកបោះឆ្នោតឲ្យឈ្នះ អ៊ីចឹងយើងត្រូវទទួលស្គាល់ថា យើងឈ្នះមែន យើងគ្រប់គ្រងមែន។ ប៉ុន្តែបើយើងចង់ដូរ ឬមិនដូររដ្ឋធម្មនុញ្ញ វាគឺជាសិទ្ធិរបស់តំណាងរាស្ត្រទាំងអស់ ដែលទទួលបានទំនុកចិត្តពីប្រជាជន»។
សម្រាប់លោក សួស យ៉ារ៉ា ការវាយតម្លៃរបស់អាមេរិក គ្រាន់តែជាទស្សនបំផុសបំផុលរូបភាពអ្វីមួយមិនល្អពីកម្ពុជា ដោយសារតែឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ប៉ុណ្ណោះ។
រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ នៅត្រង់ជំពូកទី៤ និយាយអំពីរបបនយោបាយ នៃមាត្រា៥៣ ត្រង់ចំណុចទី៤ បានចែងថា«…ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅលើទឹកដីបរទេសដែរ លើកលែងតែក្របខណ្ឌសំណូពររបស់អង្គការសហប្រជាជាតិ»។
ទាក់ទងនឹងបញ្ហាមូលដ្ឋានទ័ពនេះ អាមេរិក ក៏ធ្លាប់ដាក់ការសង្ស័យថា កម្ពុជាអាចផ្ដល់លទ្ធភាពនៃការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិន តាមរយៈការសាងសង់កំពង់ផែទឹកជ្រៅមួយនៅខេត្តកោះកុង ដែលវានឹងមានទំហំធំគ្រប់គ្រាន់ សម្រាប់ឲ្យកប៉ាល់ និងនាវាចម្បាំងចិនចូលចតបាន។ ការសង្ស័យរបស់អាមេរិកនេះ កើតឡើងក្រោយពីការចុះផ្សាយរបស់សារព័ត៌មាន Asia Times លើករណីនេះ។
ប៉ុន្តែបញ្ហានេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានចេញមុខបកស្រាយជាបន្តបន្ទាប់ រហូតដល់កម្ពុជា បើកផ្លូវឲ្យអាមេរិកធ្វើលិខិតស្នើសុំត្រួតពិនិត្យលើទីតាំងសង្ស័យមកកម្ពុជា ដើម្បីបង្ហាញពីភាពស្អាតស្អំខ្លួន ។ ប៉ុន្តែមិនឃើញមានការស្នើសុំត្រួតពិនិត្យណាមួយពីអាមេរិកឡើយ។ មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីកម្ពុជា ក៏សរសេរលិខិតទៅអនុប្រធានាធិបតីអាមេរិក លោក មៃ ផេន ដើម្បីពន្យល់ និងបកស្រាយពីគោលជំហររបស់កម្ពុជាលើបញ្ហានេះដែរ។ សម្ដេច ហ៊ុន សែន ក៏ផ្ដាំបរទេសទាំងអស់ កុំយកកម្ពុជា ធ្វើជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធផងដែរ៕