ជាតិ
សង្គមជាតិ
តុលាការ ចាត់ទុក​សម្តី​ប្រធាន​បក្ស​ខ្មែរ​ក្រោក​ជាការ​ញុះញង់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​
05, Mar 2019 , 3:25 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កំពុង​ប្រើប្រាស់​សម្ដី​ញុះញង់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​ចិត្ត​លើ​សេចក្តីសម្រេច​របស់​តុលាការ​។ នេះ​ជាការ​លើកឡើង​របស់​តុលាការ​កំពូល ជុំវិញ​ពាក្យសម្តី​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ឈ្មោះ William Guang​។​



​ឆ្លើយ​តបសម្តី​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នេះ តុលាការ​កំពូល បាន​លើក​ហេតុផល​មក​ពន្យល់ថា ការសម្រេច​របស់​ស្ថាប័ន​ខ្លួន​នេះ គឺ​ផ្អែកទៅលើ​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​បាន​តម្កល់​សាលក្រម​រដ្ឋប្បវេណី​រប​ស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។ ផ្អែកលើ​ហេតុផល​នេះ តុលាការ​កំពូល​អះអាង​ថា សាលក្រម និង​សាលដីកា​នេះ បានសម្រេច​សេចក្តី​អំពី​អត្ថិភាព ឬ​នត្ថិភាព​នៃ​សិទ្ធិ​របស់​ភាគី​លើដី​ទំនាស់ ដោយ​ផ្អែកលើ​អង្គហេតុ ភស្តុតាង និង​អង្គច្បាប់​ច្បាស់លាស់​។​

​អម​ជាមួយ​ទឡ្ហីករណ៍​ទាំងនេះ តុលាការ​កំពូល បាន​សង្កត់ធ្ងន់ថា រាល់​ពាក្យសម្តី​ចោទប្រកាន់​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​គេ​ដឹងថា​ជា​ម្ចាស់​គណនី​ឈ្មោះ William Guang នោះ មិនបាន​ពន្យល់​ពី​ចំណុច​សាលដីកា​ខុសច្បាប់​កន្លែង​ណា និង​គ្មាន​សំអាង​ហេតុអ្វី​មក​បញ្ជាក់​នោះទេ​។ ដោយសារ​គ្មាន​ភស្តុតាង​ច្បាប់​មក​បញ្ជាក់​ដូច្នេះ ទើប​តុលាការ​កំពូល ចាត់ទុក​ពាក្យសម្តី​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ជាការ​ញុះញង់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​ចិត្ត​លើ​សេចក្តីសម្រេច​របស់​តុលាការ​។​

​លិខិត​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​៥ មីនា បាន​សរសេរ​ដូច្នេះ​ថា​៖«​ម្ចាស់​គណនី​ឈ្មោះ William Guang បាន​ចោទប្រកាន់​បន្ថែមទៀតថា យក​ដី​រដ្ឋ​មក​កាត់​ចែក​ឯកជន ។ នេះ​គឺជា​ការចោទប្រកាន់​ដោយ​អ​សុទ្ធ​ចិត ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​បំភាន់ ញុះញង់ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ ពីព្រោះថា ដី​ដែលជា​កម្មវត្ថុ​នៃ​វិវាទ គឺជា​ដី​បានមកពី​ការទិញ​-​លក់ ហើយ​ក្រសួង​មាន​សមត្ថកិច្ច​បានចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ឲ្យ​ទៀតផង មិនមែនជា​ដី​រដ្ឋ​ទេ​។ ដូច្នេះ​តុលាការ​គ្រាន់តែ​អនុវត្ត​តួនាទី​របស់ខ្លួន ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​គូភាគី នៅពេល​មាន​បណ្ដឹង ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​តែប៉ុណ្ណោះ​»​។​

​ដោយ​អះអាង​ពី​ជំហរ​ខ្លួន​បែបនេះហើយ តុលាការ​កំពូល បាន​ប្រាប់​ទៅ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ទៀតថា សាលដីកា​ខ្លួន រហូតមកដល់​ពេលនេះ នៅតែ​មានតម្លៃ​គតិយុត្តិ ពីព្រោះ​មិនទាន់មាន​ស្ថាប័ន ឬ​សមត្ថកិច្ច​ណា​បដិសេធ ឬ​ទុកជា​មោ​ឃៈ​ឡើយ​។​

​មុន​តុលាការ​កំពូល​ចេញ​ឆ្លើយតប​នេះ ក៏មាន​ខាង​រដ្ឋបាលខេត្ត​ព្រះសីហនុ បកស្រាយ​ប្រាប់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដែរ​។ ដើមចម​ដែល​នាំ​ឲ្យ​មានការ​ឆ្លើយឆ្លង​សម្តី​គ្នា​នេះ កើតឡើង​ក្រោយពី​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ឈ្មោះ William Guang ថា អភិបាលខេត្ត​ព្រះសីហនុ មាន​ថ្លើមធំ​ពាសមេឃ ហ៊ាន​មើលងាយ​អនុសាសន៍​របស់​សម្ដេច ហ៊ុន សែន តាមរយៈ​ការចេញលិខិត​អនុ​ញ្ញា​ត្តិ​ឲ្យ​ឈូសឆាយ​ធ្វើ​របង​លើដី​ទំនាស់​ភូមិគ​គី​ដែលជា​ដី​របស់​រដ្ឋ ហើយ​ស្ថិតក្រោម​សាលដីកា​ខុសច្បាប់​នៅឡើយ ។

ក្នុងន័យនេះ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សង្កត់ធ្ងន់ថា តុលាការ​កំពូល​បានចេញ​សេចក្ដីសម្រេច​ទាំង​ខុស​បែបបទ​គតិយុត្តិ ដែល​ធ្វើ​ឲ្យ​លោក យន្ត មីន កំពុង​អនុវត្ត​ទាំង​បំពាន​លើ​មតិ​ណែនាំ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី និង​បំពាន​លើ​សេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចុះ​កាលពី​ថ្ងៃទី​៣១ មករា ឆ្នាំ​២០១៩ ទៀតផង ។​

អត្ថបទទាក់ទង


​តែ​យ៉ាងណា​បញ្ហាដីធ្លី​ខេត្ត​ព្រះសីហនុ​នេះ ក៏មាន​វិធានការ​ភ្លាមៗ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ​។ ដំណោះស្រាយ​នោះ គឺ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រឹបអូស​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ យកមក​គ្រប់គ្រង​វិញ ហើយ​យក​ដី​នោះ បែងចែក​ឲ្យ​ពលរដ្ឋ​វិញ​។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​នេះ​។ រដ្ឋមន្ត្រី​ទាំងពីរ ត្រូវ​សិក្សា​បែបបទ​មូលដ្ឋាន និង​ធ្វើ​ចំណាត់ការ​ជា​លក្ខណៈ​គតិយុត្ត​ស្នើ​ទៅ​តុលាការ ដើម្បី​ពិនិត្យមើល​លើ​ការ​កាត់សេចក្តី​នេះ​ឡើងវិញ​។​

​ក្រោយ​ចប់​ប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នៃ​គណបក្សនយោបាយ​ទាំង​១៦ កាលពី​ថ្ងៃទី​២៨ កុម្ភៈ ប្រមុខ​រដ្ឋាភិបាល ក៏​ចេញ​លិខិត ដក​អភិបាលរង​ខេត្ត​ពីររូប​គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជា​អ្នកទទួល​បញ្ជា​ចុះទៅ​អន​វុត្ត​ដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្នះក្តី​លើ​ប្រជាពលរដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ការដកតំណែង​អភិបាលរង​ទាំងពីរ​រូបនេះ ក្រោយពី​មានការ​អន្តរាគមន៍ ហើយ​ផ្ទុះ​អំពើហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​នាំគ្នា​ទៅ​តវ៉ា​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​៕


Tag:
 ​តុលាការ​
  ខ្មែរ​ក្រោក​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com