ជាតិ
សេដ្ឋកិច្ច
World Bank ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ស្ថិតនៅ​ស្ថានភាព​ឆាប់​ប៉ោង និង​ងាយ​ផ្ទុះ​បែក​វិញ​
06, May 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារពិភពលោក បាន​វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​៧,៥​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨ ដែលជា​អត្រាកំណើន​លើស​ការរំពឹងទុក ដោយសារ​មានការ​ជំរុញ​ដ៏​ធំ នៃ​ការនាំចេញ និង​ការលូតលាស់​វិស័យ​សំណង់ និង​អចលនទ្រព្យ​។ ប៉ុន្តែ​វិស័យ​ដ៏​សំខាន់​ទាំងនេះ កំពុងស្ថិត​នៅក្នុង​ហានិភ័យ ដែល​អាចជា​ក្តី​ព្រួយបារម្ភ​មួយ ដល់​កម្ពុជា​ដែរ​។​


 
​របាយការណ៍​ធនាគារ​ពិភពលោក បាន​សង្កត់ធ្ងន់ថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​មុខទំនិញ​ធ្វើដំណើរ​ផ្សេងទៀត ដែល​ស្មើ​២​ភាគ​៣ នៃ​មុខទំនិញ​នាំចេញ​សរុប​នោះ មានការ​កើនឡើង​១៧,៦ ភាគរយ​នៅក្នុង​ឆ្នាំ​២០១៨ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មាន​៨,៣​ភាគរយ​។ របាយការណ៍​ដដែល​ប​ន្ត​ថា វិស័យ​សំណង អចលនទ្រព្យ និង​ទេសចរណ៍ ក៏មាន​ចំណែក​៦០​ភាគរយ ​នៃ​ចំនួន​គម្រោង​វិនិយោគ​ទាំងអស់ ដែល​ត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ​២០១៨​ផងដែរ​។ ចំណែក​ការផលិត​សម្ភារផ្គត់ផ្គង់​ការសាងសង់ ដែក​គ្រឿង​សង្ហា​រិម និង​ផលិតផល​ប្លា​ស្ទិ​ក ក៏មាន​ការកើនឡើង​យ៉ាង​លឿន ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​របស់​វិស័យ​សំណង់​ទៀតផង​។​
 
​តែ​យ៉ាងណា​ធនាគារពិភពលោក ក៏បាន​ព្រមាន​ពី​ហានិភ័យ ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ ហា​និ​យ​ភ័យ ដែល​ធនាគារពិភពលោក លើកឡើង​នោះ គឺ​ទាក់ទង​នឹង​បញ្ហា​អនុគ្រោះ​ពន្ធ (Everything But Arms)​។ ត្រង់ចំណុច​នេះ ធនាគារពិភពលោក បាន​សង្កត់ធ្ងន់ថា ទីផ្សារ​សហភាព​អឺរ៉ុប បានទទួល​ទិញ​ទំនិញ​កម្ពុជា ប្រមាណ ​២​ភាគ​៣ ​នៃ​ទំហំ​ផលិតផល​សរុប ជាពិសេស​សម្លៀកបំពាក់ ស្បែកជើង និង​ទោចក្រយាន​។ ដូច្នេះ​លទ្ធភាព​ដែល​កម្ពុជា អាច​បាត់បង់​ការអនុគ្រោះ​ពន្ធ​​នាំចូល​ទំនិញ​នោះ ទំនង​វា​ក៏​ជា​បញ្ហា​ប្រឈម​មួយ ដែល​បន្ថយល្បឿន​នាំចេញ​របស់​កម្ពុជា​ដែរ​។​
 
​ត្រង់ចំណុច​នេះហើយដែល ធនាគារពិភពលោក បាន​ដាស់តឿន​ពី​ហានិភ័យ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​វិញ​ម្ដង​។ ក្នុងន័យនេះ ​នាយក​គ្រប់គ្រង​ធនាគារពិភពលោក លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា បាន​និយាយថា វិស័យ​ទាំងពីរ​នេះ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ឆាប់​ប៉ោង និង​ងាយ​ផ្ទុះ​បែក​វិញ​។ 
 
«​វិស័យ​សំណង់ និង​អចលនទ្រព្យ កាន់តែ​ងាយ​ធ្លាក់​ក្នុង​វដ្ត​ស្ថានភាព​ឆាប់​ប៉ោង ហើយ​ឆាប់​ផ្ទុះ​ទៅវិញ ហើយ​កំណើន​ការផ្ដល់​ហិរញ្ញប្បទាន ក្នុងការ​ស្រុក​នៅក្នុង​វិស័យ​សំណង់ នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែរ​»​។ នេះ​ជាការ​លើកឡើង ​របស់លោក​ស្រី អ៊ិន​ហ្គូ​ណា ដែល​មិនទាន់​អាច​វាយតម្លៃ​ ពី​រយៈពេល​នៃ​ការធ្លាក់ចុះ​វិញ របស់​វិស័យ​ទាំងពីរ​នេះ​នៅឡើយ​។ 
 
​របាយការណ៍​ធនាគារ​ពិភពលោក​កន្លងមក បាន​បង្ហាញថា កម្ចី​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ បន្ត​កើនឡើង​ថែមទៀត ខណៈដែល​កំណើន​ឥណទាន​ទូទៅ ​មានការ​ថមថយ​។ កម្ចី​ផ្ដល់​ដោយ​ធនាគារ​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ មាន​កំណើន ៣៦,៣ ភាគរយ​ នៅត្រឹម​ដំណាច់ឆ្នាំ​២០១៧ និងកើន​ពី ២៨,៤​ភាគរយ​ នៅក្នុង​ខែឧសភា​ឆ្នាំ​ដដែល​នេះ​។ ហើយ​ឥណទាន​ក្នុង​វិស័យនេះ បាន​កាន់កាប់​ចំណែក​ដល់ ២៦​ភាគរយ​ នៃ​ឥណទាន​រួម​ក្នុង​ឆ្នាំ​២០១៧ ដែល​កើន​ពី ២២​ភាគរយ​ នៅ​ឆ្នាំ​២០១៦​។​
 
​អ្នកជំនាញ​អចលនទ្រព្យ​ខ្លះ ក៏បាន​មើលឃើញ​ពី​ភាព​ផុយ​ស្រួយ ​នៃ​ធ្លាក់ចុះ​វិស័យ​អចលនទ្រព្យ និង​សំណង់​នេះ​ដែរ។ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ CBRE Cambodia លោក ជែ​ម​ស៍ ហូ​សាន់ មើលឃើញថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដូចជា​ការកសាង​លំនៅដ្ឋាន ខុន​ដូរ ការិយាល័យ​ជួល និង​ផ្សារ​ទំនើប​យ៉ាងគំហុក​បែបនេះ វា​កំពុង​លើស​តម្រូវការ​របស់​អ្នកទិញ ឬ​អ្នកប្រើប្រាស់ ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​លទ្ធភាព​ពលរដ្ឋ​កម្ពុជា​នៅមានកម្រិត គួបផ្សំ​នឹង​ការយល់ដឹង​របស់​ពួកគេ ដែល​មិន​យល់ថា​អ្វី​ជា ខុន​ដូរ ឬ​ការិយាល័យ​ជួល​នៅឡើយ​។ ដ្បិត​មិនទាន់មាន​ការសន្និដ្ឋាន​ច្បាស់លាស់​ជា​ផ្លូវការ​ក្តី ប៉ុន្តែ​លោក ជេ​ម​ស៍ ហូ​សាន់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា តម្លៃ​អចលនទ្រព្យ​អាច​នៅ​ទ្រឹង ឬ​ធ្លាក់ចុះ នៅក្នុង​ឆ្នាំ​២០១៩ ដល់​២០២១ ហើយ​វា​នឹង​អាចមាន​សន្ទុះ​ឡើងវិញ នៅ​ឆ្នាំ​បន្ទាប់​នោះ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា នាយក​គ្រប់គ្រង​ធនាគារពិភពលោក លោកស្រី អ៊ិន​ហ្គូ​ណា ក៏​ក្រើនរំឭក​ឲ្យ​កម្ពុជា​ពង្រឹង និង​បំពេញ​ភាពខ្វះខាត​ផ្នែក​ជំនាញ និង​ការវិនិយោគ​ទៅលើ​មូលធន​មនុស្ស ដើម្បី​ផ្ដល់​ជា​គ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​ដ៏​យូរអង្វែង​។ ការបង្កើន​ទំហំ និង​ប្រសិទ្ធ​ផល​នៃ​ការវិនិយោគ​ទាំងនេះ ពី​សំណាក់​បុគ្គល​ផ្ទាល់ និង​វិស័យ​សាធារណៈ ​និង​ឯកជន អាចជួយ​ធានា​ឲ្យ​កុមារ​កម្ពុជា មាន​ចំណុច​ចាប់ផ្ដើម​ល្អ​មួយ​ឆ្ពោះទៅ​អនាគត ក្នុង​ការជួយ​ជ្រោង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​
 
​លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា បាន​និយាយ​ដូច្នេះ​ថា​៖«​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​បរិយាកាស​វិនិយោគ និង​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការធ្វើ​ធុរកិច្ច ព្រមទាំង​ការកសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត សុទ្ធតែជា​អាទិភាព​គន្លឹះ​ សម្រាប់​រក្សា​កំណើន​ខ្លាំង​ក្នុង​រយៈពេល​មធ្យម​។ ភស្តុតាង​នានា​បាន​រំលេច​ឲ្យ​ឃើញថា ការវិនិយោគ​ទៅលើ​ប្រជាជន មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ការវិនិយោគ​ទៅលើ​ប្រជាជន និង​ការកែលម្អ​គុណភាព​នៃ​មូលធន​មនុស្ស​របស់​កម្ពុជា គួរតែ​បន្ត​នៅ​ជា​ស្នូល​នៃ​សេចក្តីប្រាថ្នា​របស់​កម្ពុជា ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​ជា​សេដ្ឋកិច្ច មាន​ចំណូល​មធ្យម​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០»៕
 

Tag:
 World Bank
  អចល​ទ្រព្យ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com