ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​មួយណា​ឆ្ងាញ់​? នំ​បញ្ចុក CPP និង​នំ​បញ្ចុក​អតីត CNRP នៅ​ថ្ងៃទី​៩ មិថុនា​
03, Jun 2019 , 12:04 pm        
រូបភាព
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ​! នៅ​ថ្ងៃទី​៩ មិថុនា អាចមាន​ព្រឹត្តិការណ៍​ជុំគ្នា​បរិភោគ​នំ​បញ្ចុក​កើតឡើង ដែល​រៀបចំ​ដោយឡែក​ពីគ្នា​រវាង​ក្រុម​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​


 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​សមាជិក សមាជិកា និង​មន្ត្រី​គណបក្ស​ខ្លួន​ទាំងអស់ រៀបចំ​កម្មវិធី​បរិភោគ​និង​ចែក​នំ​បញ្ចុក ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន នៅ​ថ្ងៃទី​៩ មិថុនា​។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ នា​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្ដេច​ប្រកាស​ឲ្យ​រៀបចំ​កម្មវិធី​នេះ ដោយសារ​ចង់​ផ្ចាញ់ផ្ចាល​ទៅលើ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានកំណត់ និង​អំពាវនាវ​នាំគ្នា​ធ្វើ​យុទ្ធនាការ​បរិភោគ​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ មិថុនា​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​នេះ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ដូច្នេះ​ថា​៖« សូមកុំ​ភ្លេច​ទទួលទាន​នំ​បញ្ចុក​ទាំងអស់គ្នា នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិ មិនមែនជា​ការហូប​នំ​បញ្ចុក​បំបែកបំបាក់​ជាតិ​នោះទេ​…​។ អញ​មិន​ចង់​ឲ្យ​បែកបាក់​ជាតិ អញចង់​ឯកភាព​ជាតិ បានជា​អញ​សុខចិត្ត​យក​ថ្ងៃ​(​ទី​៩ មិថុនា​) ឯង​កំណត់​(​បរិភោគ​នំ​បញ្ចុក​)​ហ្នឹង ។ អញ​អត់​ខ្លាច​ទេ ឲ្យ​តែ​ឃើញថា​វា​មាន​សេចក្តីសុខ​អញ​ធ្វើ​»​។​
 
​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​រំឭក​ពី​សមត្ថកិច្ច​ខ្លួន ដែល​ប្រើប្រាស់​ចិត្តសាស្ត្រ វាយបំបាក់​យុទ្ធសាស្ត្រ​គូប​ដិ​បក្ខ តាំងពី​សម័យ ប៉ុល ពត ផងដែរ​។​«​យុទ្ធសាស្ត្រ​ច្រែះ​ស៊ី​ដែក គង់ ហ៊ុន សែន វាយបំបាក់​ចោល របស់ ប៉ុល ពត ។ អា​បន្លា​ប៉ុណ្ណឹង ដាក់​តែមួយ​ដំបង​ទៅ​។ កុំ​យក​បន្លា​ជួស​បន្លា យក​ខ្នងពូថៅ​វៃ​បន្លា​បណ្ដោយ​ទៅ​»​។ នេះ​ជាការ​អះអាង​របស់​នាយ​ក​រដ្ឋមន្ត្រី​។​
 
​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស បាននាំគ្នា​បង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​ជា​បន្តបន្ទាប់ ដោយ​ពួកគេ​បានកំណត់​យក​ថ្ងៃទី​៩ មិថុនា ធ្វើ​កម្មវិធី​បរិភោគនំ​បញ្ចុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផងដែរ​។ តាមរយៈ​ការរៀបចំ​កម្មវិធី​នេះ អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង ទាំង​ក្រៅប្រទេស​ចូលរួម​ហូប​នំ​បញ្ចុក​ជុំគ្នា ។ ពួកគេ​យល់ថា ការបរិភោគ​នំ​បញ្ចុក​នេះ គឺជា​ការចូលរួម​ថែរក្សា​វប្បធម៌​ប្រពៃណី ម្ហូបអាហារ​ខ្មែរ ក៏ដូចជា​ការរួបរួម​គ្នា និង​សាមគ្គី​គ្នា​។​
 
​ប៉ុន្តែ​មេដឹកនាំ​កម្ពុជា បាន​ហៅ​ការជួបជុំ​បរិភោគនំ​បញ្ចុក​របស់​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ជា​ក្រុម​ឧទ្ទាម ប្រឆាំង​រដ្ឋាភិបាល​ទៅវិញ​។ តាមរយៈ​ការមិន​ពេញចិត្ត​ទង្វើ​របស់​ក្រុម​អ្នកប្រឆាំង​នេះ គេ​ស​ង្គេ​ត​ឃើញថា មាន​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៣០​នាក់​ហើយ ដែល​ត្រូវបាន​តុលាការ​កោះហៅ​សាកសួរ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជួបជុំគ្នា​បរិភោគ​នំ​បញ្ចុក មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​កន្លងមក​។​
 
អត្ថបទទាក់ទង
 
ជុំវិញ​បញ្ហា​នេះ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​បាត់ដំបង ដែល​បាន​តាមដាន​បញ្ហា​នេះ យល់ឃើញថា ការកោះហៅ​របស់​តុលាការ​នេះ មិនមែនជាការ​អនុវត្ត​ច្បាប់ទេ ប៉ុន្តែ​អាចជា​ការគំរាមកំហែង​ការបញ្ចេញ​មតិទៅវិញ​។ មូលហេតុ​ដែល​លោក យិន ម៉េង​លី លើកឡើង​បែបនេះ ដោយសារ​លោក​បាន​ចូល​ស្ដាប់​ការសាកសួរ​របស់​តុលាការ ហើយ​កត់សម្គាល់​ឃើញថា តុលាការ​បាន​សាកសួរ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មួយចំនួន ទាក់ទង​នឹង​ការលក់​-​ទិញ​នំ​បញ្ចុក  និង​អង្គុយ​បរិភោគ​នំ​បញ្ចុក​ជុំគ្នា ដែល​ហាក់ដូចជា​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ឡើយ​៕
 

Tag:
 ហ៊ុន សែន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com