ជាតិ
រមណីយដ្ឋានអង្គរវត្ត រកចំណូលបានជិត១០០លានដុល្លារ ធ្លាក់ចុះជិត១៥ភាគរយ ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេស ចេញពីការទស្សនា ជុំវិញប្រាសាទអង្គរវត្ត។ រូបថត៖ ហុង វ៉ាន់ឌី
× សៀមរាប៖ រមណីយដ្ឋានអង្គររកចំណូលបាន ៩៩,០៨៨,៨៩៤ដុល្លារ ពីភ្ញៀវទេសចរបរទេសជាង២,២លាននាក់ ដែលបានមកទស្សនាតំបន់អង្គរវត្ត នៅឆ្នាំ២០១៩ កន្លងមកនេះ ។ ប្រាក់ចំណូលនេះ ថយចុះ ១៤,៨៥ភាគរយ ធៀបនឹងឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយថ្ងៃទី ១មករា ឆ្នាំ២០២០។
ដោយឡែកបើគិតតែក្នុងខែធ្នូ ឆ្នាំ២០១៩វិញ រមណីយដ្ឋានអង្គរវត្តទទួលចំណូលពីការលក់សំបុត្រចំនួន ៩,៥៣៣,៤២០ដុល្លារ ពីភ្ញៀវទេសចរបរទេសចំនួន ចំនួន ២០៨,៤៣០នាក់។ ចំនួនភ្ញៀវទេសចរបរទេសប្រចាំខែធ្នូនោះ ធ្លាក់ចុះដល់ទៅជាង២១ភាគរយ បើធៀបនឹងចំនួនភ្ញៀវនៅក្នុងខែធ្នូ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរកន្លងមក ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត បានធ្លាក់ចុះ តាំងពីខែមិថុនា ឆ្នាំ២០១៩មកម្លេះ។ ការធ្លាក់ចុះភ្ញៀវទេសចរដែលទៅទស្សនារមណីយដ្ឋានអង្គរ រហូតដល់បច្ចុប្បន្ននេះ គឺដោយសារ តែក្រុមហ៊ុនដែលលក់កញ្ចប់ Zero Cost tour ជាអ្នកបំផ្លាញគោលដៅទេសចរណ៍ ព្រោះថាបណ្ដាក្រុមហ៊ុនទាំងនោះយកភ្ញៀវមកក្នុងតម្លៃទាបឬមិនចំណេញតែម្ដង តែពួកគេរកស៊ីនៅតាមហាងវត្ថុអនុស្សាវរីយ៍ អាហារដ្ឋាន ឬសណ្ឋាគារជាដើមដែលលក់ក្នុងតម្លៃខ្ពស់។ នេះជាការលើកឡើងរបស់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុង ពិធីបិទសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបកាលពីថ្ងៃទី១១ កក្កដា។
លោក បញ្ជាក់ថា ការធ្លាក់ចុះចំនួនទេសចរណ៍នេះ មានអ្នកខ្លះបន្ទោសថាតម្លៃសំបុត្រឡើងថ្លៃ តែតាមពិតមិនដូច្នោះទេ គឺជាមួយកញ្ចប់ Zero Cost tour នេះទេ ដែលធ្វើឱ្យទេសចរមានបទពិសោធន៍ ហើយលែងចង់មកម្ដងទៀត។ ក្រៅពីករណី Zero Cost tour នេះ លោក ថោង ខុន ក៏ចាប់លើកឡើងពីការប្ដូរទិសដៅរបស់ទេសចរជនជាតិកូរ៉េផងដែរ។ លោករដ្ឋមន្ត្រីពន្យល់ថា ភ្ញៀវទេសចរកូរ៉េដែលធ្លាប់ឈរនៅកំពូលនៃចំនួនទេសចរមកកម្សាន្តកម្ពុជា បានប្ដូរទៅប្រទេសវៀតណាមវិញ ដ្បិតប្រទេសនេះមានគោលនយោបាយទេសចរណ៍ថ្មី ដោយជនជាតិណាក៏ដោយក៏អាចធ្វើមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវបរទេសបានដែរ មិនចាំបាច់ជនជាតិខ្លួនឡើយ។ គោលការណ៍នេះខុសពីច្បាប់កម្ពុជាដោយចែងថា មគ្គុទ្ទេសក៍ឬអ្នកបកប្រែគឺជាជនជាតិកម្ពុជា៕
Tag:
អង្គរវត្ត
រមណីយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com