COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋ​អឺរ៉ុប​ជិតខាង មិន​បិទ​ព្រំដែន​ជាមួយ​អ៊ីតាលី​ឡើយ​
26, Feb 2020 , 11:48 am        
រូបភាព
​ប្រទេសជិតខាង​របស់​អ៊ីតាលី បាន​បញ្ជាក់ថា ពួកគេ​នឹងមិន​បិទ​ព្រំដែន​ឡើយ បើទោះជា​ស្ថានការណ៍​នៅ​អ៊ីតាលី កំពុង​ជួប​បញ្ហា​ដោយសារ​ការ​រាលដាល​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ។ ប៉ុន្តែ​ប្រទេស​តំបន់​អឺរ៉ុប​ខ្លះ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បានប្រកាស​ពីការ​រកឃើញ​ករណី​ឆ្លង​វីរុស​​បន្តកន្ទុយ​គ្នា​។ វិធាន​ការបិទ​ព្រំដែន​នេះ ត្រូវបាន​រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​ភូមិ​ផង​អ៊ីតាលី​អះអាងថា មិនមាន​ប្រសិទ្ធភាព​ឡើយ​។​

 
​អ៊ីតាលី ជា​ប្រទេស​តំបន់​អឺរ៉ុប​រងគ្រោះ​ធ្ងន់​ជាងគេ​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែល​ផ្ទុះ​ដំបូង​នៅ​ទឹកដី​ចិន​នៃ​តំបន់​អាស៊ី​។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែកុម្ភៈ ករណី​ឆ្លង​ជំងឺ​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​អ៊ីតាលី​មាន​ចំនួន​៣២២​នាក់ និង​ករណី​ស្លាប់​ចំនួន​១១​នាក់​។ នាយករដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte បាន​បន្ទោស​លើ​ប្រព័ន្ធគ្រប់គ្រង​ទន់ខ្សោយ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងជើង ដែល​ជាទី​រកឃើញ COVID-19 មុនគេ ខណៈ​បច្ចុប្បន្ន​បាន​រាលដាល​ទៅ​ភាគខាងត្បូង​ប្រទេស​ហើយ​។​
 
​ទោះ​ប្រឈមមុខ​ការឆ្លង​ក្ដី ប្រទេស​អឺរ៉ុប​ដែលមាន​ព្រំដែន​ជាប់​អ៊ីតាលី ប្រកាសថា នឹង​មិនមាន​ការបិទ​ព្រំដែន​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​សុខាភិបាល​មកពី​ប្រទេស​បារាំង អូទ្រីស ស្វ៊ី​ស ដែលមាន​ព្រំប្រទល់​ជាប់​អ៊ីតាលី និង​ស្នងការ​ទទួលបន្ទុក​សុខាភិបាល​អឺរ៉ុប Stella Kyriakides នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​ជួបជុំគ្នា​នៅ​ទីក្រុង​រ៉ូម ដោយបាន​ឯកភាពគ្នា​ថា ការបិទ​ព្រំដែន ជា​វិធាន​ការមិន​សមស្រប និង​គ្មាន​ប្រសិទ្ធភាព​។  
 
«​យើង​កំពុងនិយាយ​ពី​វីរុស​ដែល​មិន​ស្គាល់​ព្រំដែន​។​» នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​សុខាភិបាល​អ៊ីតាលី Roberto Speranza ។ រដ្ឋមន្ត្រី​សុខាភិបាល​អាល្លឺម៉ង់ Jens Spahn ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​បញ្ជាក់ថា ប្រទេស​ទាំងអស់ បាន​យកចិត្ត​ទុក​ខ្លាំង​លើ​បញ្ហា​នេះ ខណៈ​វីរុស​បាន​ទៅដល់​អឺរ៉ុប ហើយ​ការវិវត្ត​របស់​វីរុស​នេះ ក៏​នៅតែ​ស្មុគស្មាញ​។ លោក​ចាត់ទុក​ការ​រាលដាល​វីរុស​នេះ ជា​ស្ថានភាព​ថ្មី​ដែល​ត្រូវ​ដោះស្រាយ​មុន​វិ​វត្ត​ទៅរក​ភាពអាក្រក់​ខ្លាំង​។​
 
​មុន​ការរកឃើញ​ករណី​ឆ្លង​នៅ​អ៊ីតាលី ប្រទេស​អឺរ៉ុប​ដែលមាន​ករណី​វីរុស​នេះ គឺ​បារាំង និង​អង់គ្លេស​។ បច្ចុប្បន្ន រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​ដែលមាន​ការរាយការណ៍​ពី​ករណី​ឆ្លង COVID-19 មាន អ៊ីតាលី បារាំង អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស និង​ក្រូ​អាត​។ 
 
​វិធាន​ការបិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ករណីនេះ ត្រូវបាន​អនុវត្ត​ដោយ​ប្រទេសជិតខាង​ចិន ខណៈ​ប្រទេស​ចំនួន​៣៧​ហើយ​ដែល​បាន​រាយការណ៍​ពី​ការឆ្លង COVID-19 នេះ​។ ក្រៅពីនោះ គេ​ក៏​ឃើញ​មាន ការបិទ​ជើងហោះហើរ​ពី​ប្រទេស​ដែលមាន​ករណី​ផ្ទុះ COVID-19 ធ្ងន់ធ្ងរ​ផងដែរ​ដូចជា​ករណី​ប្រទេស​ជាច្រើន​មិន​ទទួល​ការហោះហើរ​ពី​ចិន ពី​កូរ៉េខាងត្បូង និង​ពី​អ៊ីរ៉ង់​ផងដែរ​៕ 

Tag:
 អឺរ៉ុប​
  អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com