COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ការបង្រៀន​តាម​អន​ឡាញ ជំរុញ​ឲ្យ​គ្រូ​ចេះ​ជំនាញ​បច្ចេកវិទ្យា​ទំនើប
23, May 2020 , 10:29 pm        
រូបភាព
រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ ដំណើរ​ការរៀន​តាម​អន​ឡាញ​នឹង​អូសបន្លាយ​នៅ​រយៈពេល​យូរ​ទៀត ខណៈដែល​ក្រសួង​អប់រំ​ចង់​បើក​សាលា​ឡើងវិញ​ឲ្យ​បាន​មុន​ខែវិច្ឆិកា​ដែលជា​ថ្ងៃ​បើកប​វេ​សន​ការ​ឆ្នាំ​សិក្សា​ថ្មី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​-១៩ កើតឡើង​ម្តងទៀត​។ ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​វិវឌ្ឍន៍​ឆ្ពោះទៅរក​បច្ចេកវិទ្យា​ទំនើប និង​ជំរុញ​ឲ្យ​បណ្តា​គ្រូបង្រៀន​ទាំងអស់​ចេះ​ជំនាញ​បច្ចេកវិទ្យា​។

 
​ដើម្បី​ធានា​សុវត្ថិភាព​ដល់​សិស្ស និង​គ្រូ និង​ដើម្បី​ឲ្យ​សិស្ស​អាច​បន្ត​ការសិក្សា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ក្រសួង​អប់រំ​បានរៀបចំ​កម្មវិធី​សិក្សា​ពី​ចម្ងាយ​តាមរយៈ​ទូរ​សព្ទ​ដៃ កុំព្យូទ័រ វិទ្យុ និង​ទូរទស្សន៍​។ ជាពិសេស​ក្រសួង​អប់រំ បាន​ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​នានា​ពង្រឹង​ការបង្រៀន​តាម​កម្មវិធី​Zoom, Google Classroom, Ding Talk និង​Google Meet​។ 
 
​ការបង្រៀន​តាម​អន​ឡាញ​បាន​ដំណើរការ​យូរ​ឆ្នាំ​មកហើយ​នៅ​កម្ពុជា​។ សម្រាប់​លោក ធូ ភន ដែលជា​គ្រូ​ឯកទេស​ផ្នែក​ជីវវិទ្យា​នៅ​សាលា​ជ័យ​ថា​វី និង​គ្រូបង្រៀន​អន​ឡាញ​នៅ​E-School Cambodia ការបង្រៀន​តាម​អន​ឡាញ​នេះ​មិនមែនជា​បទពិសោធន៍​ថ្មី​ដែល​លោកគ្រូ​ទើបតែ​ជួបប្រទះ​ទេ គឺ​លោកគ្រូ​មានបទពិសោធន៍​បង្រៀន​សិស្ស​ថ្នាក់​ទី​១២ តាម​កម្មវិធី E-School Cambodia ប្រមាណ​៤​ឆ្នាំ​មកហើយ​។ 
 
​បច្ចុប្បន្ន លោកគ្រូ​បង្រៀន​ថត​ជា​វីដេអូ និង​យកទៅ​ចាក់ផ្សាយ​នៅតាម​កម្មវិធី​E-Schol Cambodia និង​បន្ត​ចាក់ផ្សាយ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​។ ឆ្លងកាត់​បទពិសោធន៍​ការបង្រៀន​តាម​អន​ឡាញ​អស់​រយៈពេល​ជា​យូរ លោកគ្រូ​បាន​យល់ដឹង​ពី​ជំនាញ​បច្ចេកវិទ្យា​បន្ថែមទៀត​តាមរយៈ​បង្រៀន​តាម​អន​ឡាញ ដើម្បី​សម្រួល​ដល់​ការផ្ទេរ​ចំណេះដឹង​ពី​ចម្ងាយ និង​យល់ដឹង​ពី​របៀប​ផ្ញើ​មេរៀន​ទៅ​សិស្ស​។  


រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
 
​ក្រៅពី​បង្រៀន​សិស្ស​តាម​កម្ម​វី​ធី E-School Cambodia លោកគ្រូ​ក៏​បង្រៀន​និស្សិត​ឆ្នាំ​ទី​៤​តាម​កម្មវិធី Ding Talk​ផងដែរ​។  សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យា​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​ការបង្រៀន​តាម​អន​ឡាញ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជាង​មុន​ច្រើន យើង​ចេះ​បច្ចេកវិទ្យា​វីដេអូ Conference​។ យើង​មិនបាច់​ប្រើ​កាមេរ៉ា​ច្រើនជាង​មុន យើង​ត្រូវការ​តែ​កាមេរ៉ា​ទូរ​សព្ទ និង​សម្ភារ​មួយចំនួន ហើយ​យើង​ឡាយ​ផ្ទាល់​ហ្មង​។ យើង​ងាយស្រួល​ផ្តល់​ឯកសារ មេរៀន និង​លំ​ហាត់​ផ្សេងៗ​សម្រាប់​ផ្ញើ​ឲ្យ​គាត់​។ ខ្ញុំ​គ្រាន់តែ​វាយ​មេរៀន​តាម​កុំព្យូទ័រ ហើយ​ផ្ញើ​ទៅ​ឲ្យ​ពួកគាត់​តែម្តង​»​។ 
 
​ចំណែក​លោកគ្រូ លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ការបង្រៀន​តាម​កម្មវិធី​Zoom ជា​បទពិសោធន៍​ថ្មី​សម្រាប់​លោកគ្រូ​ផ្ទាល់​។ លោកគ្រូ ក​ញ្ច​រ៉ុង បាន​លើកឡើងថា អំឡុង​ពេលនេះ​ការបង្រៀន​តាម​អន​ឡាញ​ពិតជា​ជម្រើស​ដ៏​ល្អ​ដែល​អាច​ឲ្យ​សិស្ស​បន្ត​ការសិក្សា និង​ជា​ពេលដែល​គ្រូបង្រៀន​អាចមាន​ជំនាញ​បច្ចេកវិទ្យា សម្រាប់​ជា​ចលករ​អភិវឌ្ឍ​វិស័យ​អប់រំ​ឲ្យ​កាន់​តែមាន​គុណភាព​។  


សកម្មភាពបង្រៀន​របស់លោកគ្រូ ធូ ភន​ គ្រូ​ឯក​ទេស​ផ្នែក​ជីវវិទ្យា ដែល​ក្រុម​ការងារ​កំពុងតែ​​ថត​ជាវីដេអូ ដើម្បី​ចាក់​ផ្សាយនៅ​តាម​កម្មវិធីE-School Learning តាម​ផេក​ហ្វេសប៊ុក និង​យូធូប របស់​ក្រសួងអប់រំ យុវជន និងកីឡា​
 
​លោកគ្រូ ក​ញ្ច​រ៉ុង ដែល​ធ្លាប់តែ​បង្រៀន​តាម​ការ​ឡាយ​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក បាន​វិវឌ្ឍន៍​មក​បង្រៀន​តាម​កម្មវិធី​Zoom​បាន​និយាយ​ដូច្នេះ​ថា​៖«​កាលពីមុន​ខ្ញុំ​អត់​យល់​អី​គេ ប្រើ​កម្មវិធី​Zoom Meeting គឺ​គ្រូ​អត់​សូវ​ចេះ​ទេ ដោយ​គ្រូ​ចេះតែ​ឡាយ​វីដេអូ​ហ្វេ​ស​ប៊ុ​ក អត់​ដឹងថា​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ គឺ​វា​ល្អ​យ៉ាងហ្នឹង​ទេ រហូត​យើង​ស្រាវជ្រាវ ហើយ​យើង​បង្កើត​មេរៀន​ផ្សេងៗ​ចូល​តាម​Google Classroom រៀបចំ​ឯកសារ និង​កម្រង​សំណួរ​។ យើង​អាច​តាមដាន​លម្អិត​ជាង​នៅក្នុង​សាលា​ទៀត​។ ពេលខ្លះ​កូនសិស្ស​ត្រូវ​ផ្ញើ​កិច្ចការ យើង​កំណត់​ម៉ោង​ឲ្យ​គាត់​ថា​ត្រូវ​Dateline នៅពេលណា​។ យើង​កែ​ពិន្ទុ​តាម​កុំព្យូទ័រ វា​សុក្រឹត ជាង​អា​យើង​កែ​ដៃ​ទៀត​។ អ៊ីចឹង​វា​ចំណេញ​ពេលវេលា​ដល់​យើង​ផង និង​កូនសិស្ស​ផង​។  
 
​លោកគ្រូ ក​ញ្ច​រ៉ុង យល់ថា ការបង្រៀន​តាម​អន​ឡាញ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​លោកគ្រូ​ចេះ​ជំនាញ​បច្ចេកវិទ្យា​ទេ សូម្បី​សិស្សានុសិស្ស​ក៏​ចេះ​ជំនាញ​បច្ចេកវិទ្យា​ដែរ​។ លើសពីនេះ​សិស្សានុសិស្ស​អាចមាន​ពេល​ស្រាវជ្រាវ និង​សិក្សា​បន្ថែម​ទាក់ទង​នឹង​ប្រព័ន្ធ​ឌីជីថល​។ លោក ប្រាប់​ដូច្នេះ​ថា​៖«​ពេល​គាត់​សិក្សា​តាម​អន​ឡាញ មិន​ត្រឹមតែ​ចេះ​ពី​ជំនាញ ភាសា​ទេ គាត់​អាច​ចេះ​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ការប្រើ​អ៊ីមែល ការប្រើ​ប្រព័ន្ធ​ផ្សេងៗ​។ អ៊ីចឹង​ពួកគាត់​អាច​បង្រៀន និង​ដឹកនាំ​គេ​។ ដើម្បី​ឲ្យ​ពួកគាត់​ដើរទា​ន់​គេ គឺ​ពួកគាត់​ត្រូវ​បង្គំ​ខ្លួន​គាត់​ឲ្យ​យល់​ពី​ប្រព័ន្ធ​ទាំងអស់​ហ្នឹង​»​។   
 
​បើតាម​លោកគ្រូ ក​ញ្ច​រ៉ុង ការបង្រៀន​តាម​អន​ឡាញ​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​ជួយ​ឲ្យ​បណ្តា​សិស្ស​នៅតាម​បណ្តា​ខេត្ត អាច​ចុះឈ្មោះ​ចូលរៀន​ជាមួយ​លោកគ្រូ​បាន​ផងដែរ​។  លោកគ្រូ ក​ញ្ចុ​រ៉ុង ដែល​ក្នុង​មួយថ្ងៃ​ត្រូវ​ចំណាយពេល​៣​ម៉ោង​បង្រៀន​ភាសា​ចិន​តាម​Zoom បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កូនសិស្ស​ដែល​នៅតាម​ខេត្ត​គឺ​សុទ្ធតែ​ចង់​រៀន​ដែរ ធ្វើ​យ៉ាងម៉េច​យើង​មានតែ​សាខា​នៅ​ភ្នំពេញ យើង​អត់​មាន​ដល់​ខេត្ត​។ ដូច្នេះ​បើ​យើង​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ពួកគេ​នឹង​អាច​សិក្សា​បាន និង​ចំណេញ​ពេលវេលា គឺ​គាត់​ទទួលបាន​ផល​ដូចនឹង​មក​រៀន​នៅ​ថ្នាក់​ដែរ​»​។ 
 
​ទាំង​លោកគ្រូ ធូ ភន និង​លោកគ្រូ ក​ញ្ច​រ៉ុង គឺ​សុទ្ធតែ​ចង់ឃើញ​វិស័យ​អប់រំ​នៅ​កម្ពុជា​បន្ត​បោះជំហាន​ទៅរក​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ខាងមុខ​ទៀត  និង​គាំទ្រ​ឲ្យ​បណ្តា​សាលា​នីមួយៗ​ពង្រឹងសមត្ថភាព​គ្រូ និង​បន្តសកម្មភាព​បង្រៀន​តាម​អន​ឡាញ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​សិក្សា​បន្ថែមទៀត​ផងដែរ បើកាលណា​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​សាលា​ដំណើរការ ហើយ​ប្រទេសជាតិ​មាន​សុវត្ថិភាព​វិញ​ក៏ដោយ​។​
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការរៀន និង​ការបង្រៀន​តាម​អន​ឡាញ​ជា​ចក្ខុវិស័យ​ការអប់រំ​តាមបែប​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ស្ថិតនៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣​។ លោក រស់ សុ​វាចា​ប្រាប់​ដូច្នេះ​ថា​៖«​អ៊ីចឹង​អ្វីដែល​កំពុង​ធ្វើ​នេះ គឺ​ឆ្លើយតប​នឹង​ចក្ខុវិស័យ​ការអប់រំ​ឌីជីថល​។ អ៊ីចឹង​គាត់​អាច​មានឱកាស​ពង្រឹងសមត្ថភាព​ក្នុង​ការទាញយក​ប្រយោជន៍​វិជ្ជមាន​ពី​បច្ចេកវិទ្យា នៅក្នុង​ការរៀន និង​បង្រៀន​»​។ 
 
 
​ដើម្បី​ឲ្យ​វិស័យ​អប់រំ​ឈានដល់​បច្ចេកវិទ្យា លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​នៅក្នុង​បា​កថា​សាធារណៈ​ស្តីពី​អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ​ឧស្សាហកម្ម​៤.០​នា​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩​កន្លង​ថា ក្រសួង​អប់រំ​នឹង​កែ​កំណែ​សាលារៀន ជ្រើសរើស​អនុវិទ្យាល័យ​ចំនួន​១០០ និង​វិទ្យាល័យ​ចំនួន​៥០ ដើម្បី​ធ្វើជា​គំរូ​សាលា​ក្នុងការ​អនុវត្ត​នយោបាយ​ថ្មី​នៃ​យុគសម័យ​ឌីជីថល និង​ពង្រឹងសមត្ថភាព​គ្រូ​បន្ថែម និង​ចំណេះដឹង​លើ​ផ្នែក​ឌីជីថល​៕ 
 
អត្ថបទទាក់ទង
 

Tag:
 ​គ្រូ​
 ​បច្ចេកវិទ្យា​
 ​ចំណេះដឹង​
 ​អន​ឡាញ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com