COVID-19
ជាតិ
មន្ត្រីសាលាខណ្ឌមានជ័យដែលឆ្លងកូវីដ-១៩ កើនដល់១៩នាក់
11, Jun 2021 , 5:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ត្រឹមថ្ងៃទី១១ មិថុនានេះមានមន្ត្រីសាលាខណ្ឌមានជ័យ ចំនួន១៩នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩។ ការឆ្លងរាលដាលលើមន្ត្រីសាលាខណ្ឌមានជ័យនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី៩មិថុនាមក។ នេះបើតាមលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺទាំង១៩នាក់នោះ គឺមានមន្រ្តីសាលាខណ្ឌមានជ័យជាស្ត្រី២នាក់។  ក្នុងចំណោមអ្នកជំងឺទាំង១៩នាក់នោះ  គឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ ។ ចំណែកឯ៩នាក់ទៀត កំពុងសម្រាកនៅមណ្ឌលព្យាបាលម៉ូឌែន២។
 
លោកអភិបាលរងខណ្ឌ មានជ័យអះអាងថា ករណីឆ្លងដំបូង គឺមានតែមន្ត្រីសាលាខណ្ឌម្នាក់ ដែលតេស្តវិជ្ជមានកូវីដ-១៩។ បន្ទាប់មកគ្រូពេទ្យបានធ្វើតេស្តមន្ត្រីពាក់ព័ន្ធចំនួនជាង១០០នាក់ និងរកឃើញវិជ្ជមានបន្ថែម ១៨នាក់ទៀត។
 
បើតាមលោក ឌី រ័ត្នខេមរុណ មន្ត្រីមួយចំនួនដែលពាក់ព័ន្ធប្រយោល នឹងអ្នកជំងឺកូវីដ-១៩ គឺពួកគេនៅមកបម្រើការនៅសាលាខណ្ឌមានជ័យតាមធម្មតា។ រីឯមន្ត្រីដែលពាក់ព័ន្ធផ្ទាល់ គឺកំពុងតែធ្វើចត្តាឡីស័កនៅតាមផ្ទះ។ 
 
ទោះបីមានមន្ត្រីសាលាខណ្ឌមានជ័យឆ្លងជំងឺកូវីដ-១៩ តែប្រតិបត្តិការការងារនៅសាលាខណ្ឌមានជ័យ នៅដំណើរការធម្មតា។ នេះជាការលើកឡើងរបស់ លោក  ឌី រ័ត្នខេមរុណ ដោយពន្យល់ដូច្នេះថា៖ «សាលាខណ្ឌមានជ័យនៅតែបន្ត និយាយរួមអ្នកដែលប៉ះពាល់ហ្នឹង គឺមិនមែនប៉ះពាល់ទៅលើសេវាបងប្អូនប្រជាពលរដ្ឋទេ។ យើងនៅតែបម្រើបងប្អូនប្រជាពលរដ្ឋ ពីព្រោះយើងមានមន្ត្រីរបស់យើង មានតាមផ្នែកនៅក្នុងការផ្តល់សេវាជូនពលរដ្ឋ»។ 
 
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣៧,៣២១នាក់ ជាសះស្បើយ៣០,៦១៧នាក់ អនិងអ្នកស្លាប់កើនដល់៣១១នាក់៕ 
 
 
 
 
 

Tag:
 ឌី រ័ត្នខេមរុណ
  ខណ្ឌមានជ័យ
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com