ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គ្មានឥទ្ធិពល និងអសកម្មដោះស្រាយបញ្ហារាស្រ្ត
25, Jan 2022 , 8:59 pm        
រូបភាព
ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍សង្គម លើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អសកម្មភាពដោះស្រាយបញ្ហារាស្រ្ត ខណៈករណីបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ាជាង១ខែហើយ ពុំឃើញមានការជួយឈឺឆ្អាល។ ប៉ុន្តែ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ បកស្រាយថា បញ្ហាកូវីដ-១៩ ទើបធ្វើឲ្យពួកគេខកខានចុះជួបពលរដ្ឋ។ 

 
លោក មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមយល់ថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឡើងមក គ្រាន់តែលម្អរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនតែប៉ុណ្ណោះ។ បើតាមលោក មាស នី យន្តការរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ មិនអាចដោះស្រាយបញ្ហាធំៗជូនរាស្រ្តបានទេ។ 
 
អ្នកស្រាវជ្រាវរូបនេះ ក៏មើលឃើញដែរថា ការបង្កើតក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានការចូលរួមពីគណបក្សតូចៗជាង១០ នៅឆ្នាំដំបូងនោះ គឺមានសកម្មភាពផុសផុលយ៉ាងខ្លាំង ក្នុងការចុះជួយដោះស្រាយបញ្ហាពលរដ្ឋ ដើម្បីបង្ហាញសាធារណជន។ ប៉ុន្តែលោក ក៏មើលឃើញដែរថា ការបំពេញការងាររបស់ពួកគេនេះ ភាគច្រើនប៉ះតែរឿងក្ដៅ ពិសេសលើករណីដីធ្លី ដែលទទួលរងការគំរាមកំហែងពីរដ្ឋាភិបាល រហូតមានការចាប់ខ្លួន និងប្ដឹងឡើងតុលាការដើម។ 


 លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម។ 

«ចាប់តាំងពីពេលនោះ ការបំពេញតួនាទីរបស់សមាជិក ក៏ចាប់ផ្ដើមថយឥទ្ធិពលបន្តិចម្ដងៗ ដល់បច្ចុប្បន្ន»។ នេះបើតាមលោក មាស នី ដោយបន្ថែមថា យន្តការមួយនេះ មិនអាចជំនួសយន្តការចែងក្នុងរដ្ឋធម្មនុញ្ញទេ ព្រោះគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមានការគាំទ្រពីពលរដ្ឋ តាមរយៈការបោះឆ្នោតនោះ ទើបអាចមានឥទ្ធិពលមកលើរដ្ឋាភិបាល។ 
លោកសង្កត់ធ្ងន់ថា៖ «វាហាក់យឺតពេលហើយ ក្នុងការពិនិត្យមើលឥទ្ធិពលយន្តការ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ព្រោះជិតដល់ពេលបោះឆ្នោតហើយ។ ខ្ញុំមើលមិនទាន់ឃើញ ពីឥទ្ធិពលរបស់យន្តការនេះទេ ព្រោះអាណត្តិរបស់ខ្លួន (សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់) នឹងចប់នៅពេលខាងមុននេះហើយ»។ 
 
ជុំវិញការបញ្ហានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បកស្រាយថា កន្លងមក លោក និងសមាជិកផ្សេងទៀត តែងចុះជួយដោះស្រាយទុក្ខលំបាកពលរដ្ឋ ប៉ុន្តែក្រោយជំងឺកូវីដ-១៩ រាតត្បាតមក ទើបមានការខកខាន ខណៈរដ្ឋាភិបាល ក៏ដាក់វិធានការតឹងរឹង ដើម្បីទប់ស្កាត់ជំងឺកាចសាហាវនេះ។ 
 
សមាជិករូបនេះ ឆ្លើយតបទៅនឹងការរិះគន់ថា៖ «ឲ្យក្រុមឧត្តមក្រុមប្រឹក្សាចុះធ្វើការជាមួយពលរដ្ឋម្ដេចកើត បើសូម្បីតែការជួបជុំគ្នា ក៏មានការហាមឃាត់ដែរនោះ ព្រោះបញ្ហាកូវីដ-១៩រាតត្បាត។  អ៊ីចឹង ការវិភាគរបស់ពួកគាត់ គឺនិយាយតាមអារម្មណ៍»។
 

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ រូបពី ទំព័រហ្វេសប៊ុករបស់ លោក ស្រស់

ចំពោះសកម្មភាពចុះដោះស្រាយបញ្ហាពលរដ្ឋនេះ លោក ពេជ្រ ស្រស់ ពន្យល់បន្ថែមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនទាន់អាចធ្វើសកម្មភាពបានទេ ដោយសារកូវីដ-១៩ នៅតែបន្ត ជាពិសេសការគំរាមកំហែងពីវីរុសប្រភេទថ្មីអូមីក្រុង ដែលឆ្លងរាលដាលលឿន។ 
 
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រី្ត កាលពីថ្ងៃទី១៥ឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត បានកំណត់ជាក់លាក់ ពីភារកិច្ចរបស់សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាពិសេសការចុះដោះស្រាយបញ្ហាដីធ្លី។ បម្រាមទាំងនោះ គឺមិនត្រូវឲ្យពួកគេចុះដោះស្រាយរាល់ទំនាស់ ដែលសម្តេចនាយករដ្ឋមន្រ្តី បានដោះស្រាយ និងមានសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្រ្តី (ស.ជ.ណ) រួចហើយ, មិនត្រូវចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ និងបញ្ហាដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រម ឬសាលដីការួចហើយ។
 
ត្រង់ចំណុចនេះ លោក ពេជ្រ ស្រស់ ហាមកុំឲ្យយល់ច្រឡំលើរដ្ឋាភិបាលថា ដាក់កំហិតខ្លួន និងសមាជិកដទៃទៀត មិនឲ្យលូកដៃរឿងដីធ្លី។ លោកស្នើឲ្យអ្នករិះគន់ខ្លួន ពិនិត្យមើលតួនាទី និងសិទ្ធិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឡើងវិញ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «មែនទែនទៅ សម្ដេច អត់បានហាមឃាត់ទេ គឺឲ្យយើងសិក្សាបញ្ហាដីធ្លីណា ដែលមិនមែនជម្លោះបុគ្គល គឺឲ្យសិក្សាបញ្ហាដីធ្លីណា ដែលមានបញ្ហាជាមួយសហគមន៍ និងសហគមន៍ ជាមួយអាជ្ញាធរ ដែលមានអំណាច ទៅបង្កបញ្ហាជាមួយពលរដ្ឋ…»។ 
 
រឿងបញ្ហាដីធ្លីរបស់ពលរដ្ឋជារឿងមួយហើយ តែបញ្ហាបុគ្គលិកណាហ្គាវើលដ៍ ដែលតវ៉ាជាង១ខែនេះ ក៏ត្រូវការគ្រប់ភាគីពាក់ព័ន្ធ រួមទាំងតំណាងរាស្ត្រ និងអ្នកនយោបាយ ជួយដោះស្រាយដែរ។ ប្រធានគណបក្សយុវជនកម្ពុជា យល់ថា វិវាទការងាររបស់បុគ្គលិកណាហ្គាវើលដ៍ គឺត្រូវទុកលទ្ធភាពឲ្យសហជីព និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកដោះស្រាយ។ ដ្បិតលោក ពេជ្រ ស្រស់ និយាយបែបនេះក្តី ប៉ុន្តែមិនមែនមានន័យថា លោកមិនអើពើនឹងវិវាទនេះទេ។ លោក អះអាងថា ខ្លួនរង់ចាំមើលការដោះស្រាយរបស់អាជ្ញាធរសិន មុនលូកដៃចូលករណីនេះ។ 
 
សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ បានបន្ថែមថា៖«យើងនឹងបន្តពិនិត្យ និងតាមដានបន្តទៀត។ យើងមិនអាចលូកដៃទាំងមិនបានតាមដាន ការដោះស្រាយវិវាទរបស់សមត្ថកិច្ច និងក្រុមសហជីពនោះទេ»។ 
 
ពាក់ព័ន្ធទុក្ខលំបាករាស្រ្តនេះ លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតថា គណបក្សនយោបាយដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវចុះសិក្សា ពីករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ដើម្បីពិភាក្សារួមគ្នា ហើយដាក់សំណើឲ្យទៅរដ្ឋាភិបាលដោះស្រាយ។ 
 
អ្នកតាមព្រឹត្តិការណ៍សង្គមរូបនេះ សង្កេតឃើញថា រាល់ការតវ៉ារបស់ពលរដ្ឋភាគច្រើន មានការរើសអើង ដោយនិន្នាការនយោបាយ។ លោករិះគន់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថា មិនហាន់លូកដៃចូលជួយបញ្ហារាស្រ្ត ហើយអ្នកនយោបាយដទៃទៀតក៏ដូចគ្នា។ 
 
លោក សុជាតិ ថាប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «យើងឃើញរបៀបនៃការធ្វើការ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនសូវស្វះស្វែង ឬលូកដៃចូលកិច្ចការផ្សេងៗដែលពាក់ព័ន្ធនយោបាយ ពិសេសពាក់ព័ន្ធនឹងបញ្ហានយោបាយបក្សកាន់អំណាច។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រហែលមិនហាន់ធ្វើកិច្ចការហ្នឹង(ជួយឈឺឆ្អាលវិវាទណាហ្គាវើលដ៍)ទេ ប្រសិនបើគ្មានការដាក់ញត្តិពីអ្នកតវ៉ាទៅពួកគេ ឬបក្សណាមួយដើម្បីសុំជួយអន្តរាគមន៍»។ 


 លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត។ រូបពីហ្វេសប៊ុកលោក សុជាតិ

លោក សុជាតិ មើលឃើញថា តំណាងរាស្រ្តនិងអ្នកនយោបាយនៅកម្ពុជាទាំងអស់ ហាក់មិនបានត្រៀមខ្លួនក្នុងការចុះជួយដោះស្រាយបញ្ហារាស្រ្ត ហើយភ័យខ្លាចក្នុងការលូកដៃជួយ ពោលគឺធ្វើនយោបាយខ្វះឆន្ទៈ ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួក។ 
 
ឆ្លើយតបចំណុចនេះ លោក ពេជ្រ ស្រស់ អះអាងថា បើករណីវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ នៅតែអូសបន្លាយ លោកនឹងមានវិធានការចុះសិក្សា។ ប៉ុន្តែលោកមានសិទ្ធិត្រឹមស្រាវជ្រាវ ពីឫសគល់នៃបញ្ហារ៉ាំរ៉ៃនេះ ហើយដាក់ទៅរដ្ឋាភិបាលប៉ុណ្ណោះ។ 
 
កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គណបក្ស១៥ ដែលគ្មានអាសនៈក្នុងរដ្ឋសភា បានស្ម័គ្រចិត្តចូលជាសមាជិក នៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
 
ការបង្កើតឧត្តមក្រុមប្រក្សាពិគ្រោះនិងផ្តល់យោបល់ គឺរដ្ឋាភិបាលចង់បង្កើតរូបភាពពហុបក្ស ក្នុងអង្គការនីតិប្រតិបត្តិ ខណៈស្ថាប័ននីតិបញ្ញត្តិ មានតែគណបក្សប្រជាជនកម្ពុជា៕
 
 
អត្ថបទទាក់ទង
 
 

Tag:
 នយោបាយ
  ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់
© រក្សាសិទ្ធិដោយ thmeythmey.com