ជាតិ
សមត្ថកិច្ចកំពុងតាមមើលអ្នកបង្ហោះរូបមិនទៅបោះឆ្នោត លើហ្វេសប៊ុក
× ភ្នំពេញ៖ សមត្ថកិច្ច កំពុងតាមមើលអ្នកបង្ហោះរូបមិនទៅបោះឆ្នោត នៅលើហ្វេសប៊ុក ដើម្បីអនុវត្តវិធានការច្បាប់ បើសិនជារកឃើញថា រារាំងដល់ដំណើរការបោះឆ្នោត។
ថ្ងៃបោះឆ្នោតជិតមកដល់។ សកម្មភាពនៃយុទ្ធនាការមិនទៅបោះឆ្នោត កំពុងលេចឡើងជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា សមត្ថកិច្ច កំពុងត្រួតពិនិត្យមើលសកម្មភាពពលរដ្ឋទាំងនោះ ដើម្បីកំណត់ថាតើសកម្មភាពរបស់ពួកគេ ពិតជារារាំងដល់សិទ្ធិពលរដ្ឋដទៃ មិនឲ្យទៅបោះឆ្នោតដែរទេ? ហើយបើរកឃើញពិតជារារាំងមែននោះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងមិនអាចដាក់ពិន័យទៅលើពួកគាត់ បានភ្លាមៗនោះទេ គឺយើងត្រូវពិនិត្យមើលសិនថា ការបង្ហោះរូបមិនទៅបោះឆ្នោតនោះ វាពិតជារារាំងដល់សិទ្ធិអ្នកដទៃ ដែលមានចែងក្នុងច្បាប់ដែរទេ? ហើយតើអ្នកបង្ហោះរូបនោះ គាត់បង្ហោះក្នុងគោលបំណងអ្វី? ព្រោះបើគាត់មិនសូវចេះប្រើហ្វេសប៊ុក ហើយចេះតែចែករំលែកតាមគ្នា ក៏យើងមិនអាចដាក់ពិន័យបានដែរ គឺយើងត្រូវអប់រំគាត់ ។ ហើយបើគាត់មិនស្ដាប់គឺដាក់ពិន័យ។ ប៉ុន្តែបើយើងពិនិត្យឃើញថា គាត់បង្ហោះក្នុងបំណងរារាំងអ្នកដទៃ មិនឲ្យទៅបោះឆ្នោតនោះ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង»។
ទាក់ទងនឹងសិទ្ធិបោះឆ្នោតនេះ អ្នកតាមដានស្ថានការណ៍សង្គម ធ្លាប់លើកឡើងថា បើទោះជាពលរដ្ឋមិនទៅបោះឆ្នោតក៏គ្មានទោសអ្វីឡើយ ព្រោះវាជាសិទ្ធិរបស់ពលរដ្ឋ ហើយច្បាប់ក៏មិនបានចែងពីការកម្រិតទោសដែរ។ ប៉ុន្តែបើពលរដ្ឋ រារាំងដល់ដំណើរការបោះឆ្នោតនោះ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ស្តីពីការបោះឆ្នោត។
ច្បាប់ស្តីពីការជ្រើសរើសតំណាងរាស្ត្រ ត្រង់ជំពូកទី១០ ស្តីពីទោសបញ្ញត្តិ នៃមាត្រា៤២ ចែងថា«ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០រៀល (ប្រាំលាន)រៀល ទៅ២០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត»។
តែយ៉ាងណាគ.ជ.ប ធ្លាប់បានបញ្ជាក់ថា ទោះជាចំនួនពលរដ្ឋ ទៅបោះឆ្នោតក្រោម៥០ភាគរយក្តី ក៏ចាត់ទុកជាសំឡេងបានការ ក្នុងការជ្រើសតំណាងរាស្ត្រ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ៕
Tag:
គៀត ច័ន្ទថារិទ្ធ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com