ជាតិ
សង្គមអន្តរជាតិ
២៥ខេត្ត/រាជធានី
កសិករឡាវដាំកាហ្វេបែបកសិ-រុក្ខកម្ម បង្កើនជីវជាតិដី និងទិន្នផលកាន់តែច្រើន
× ខេត្តចម្ប៉ាសាក់ (ឡាវ)៖ ការដាំដំណាំតាមបែប«កសិ-រុក្ខកម្ម» គឺជាការដាំដុះដែលមានដំណាំចម្រុះទាំងឈើហូបផ្លែ, បន្លែ និងដំណាំគម្របដី នៅក្នុងចម្ការតែមួយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅប្រទេសឡាវ លោក គាម មករាឌី អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋាននៃអង្គការសេដាក បានបញ្ជាក់ថា ការដាំដុះបែប«កសិ-រុក្ខកម្ម» នេះ បានផ្ដល់ជីវជាតិដល់ដី និងដំណាំបានល្អ និងទទួលបានទិន្នផលច្រើន។
ការដាំដំណាំត្រូវការបច្ចេកទេស រួមផ្សំនឹងការថែទាំ ទើបធ្វើឲ្យដំណាំលូតលាស់បានល្អ។ ម្យ៉ាងវិញទៀត សម្រាប់ដំណាំកាហ្វេ និងដំណាំមួយចំនួនទៀត ក្រៅពីប្រើប្រាស់ជីធម្មជាតិដែលជួយគុណភាពដីរួចហើយ ប្រជាកសិករគួរស្វែងយល់ពីការដាំដុះដំណាំចម្រុះ«កសិ-រុក្ខកម្ម»។ បើតាមលោក គាម មករាឌី អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋាននៃអង្គការសេដាក ពាក្យ«កសិ-រុក្ខកម្ម» បានន័យថា ក្រៅពីដាំកសិផលជាដំណាំហើយ កសិករមានដាំជាដើមឈើ, ដំណាំគម្របដី, បន្លែ ដែលផ្ដល់ជាម្លប់ និងជាជីដល់ដាំដំណាំ រួមទាំងជួយបង្កើនជីវដល់ដីនោះផងដែរ។
សំឡេងលោក គាម មករាឌី អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋាននៃអង្គការសេដាក ពន្យល់ពីពាក្យកសិ-រុក្ខកម្ម៖
(លោក គាម មករាឌី អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋាននៃអង្គការសេដាក)
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងារអង្គការសេដាកទៅកាន់ខេត្តចម្ប៉ាសាក់ ប្រទេសឡាវកាលពីថ្ងៃទី២៦-២៩ធ្នូកន្លងទៅ ក្រុមការងារសេដាក, តំណាងហាងកាហ្វេសរីរាង្គ, អ្នកផលិតកសិផលសរីរាង្គ និងអ្នកសារព័ត៌មាន បានទស្សនានៅក្នុងចម្ការកាហ្វេរបស់កសិករ សំប៊ុន សាយបរកែវ។ ក្នុងចម្ការកាហ្វេដែលមានផ្ទៃដីប្រមាណ៣ហិកតារបស់កសិករឡាវរូបនេះ បានដំណាំកាហ្វេប្រភេទ Arabica ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ពីក្រុមអ្នកជំនាញកសិកម្ម គឺការដាំដុះបែបកសិ-រុក្ខកម្ម។
លោក សំប៊ុន សាយបរកែវ កសិករជនជាតិឡាវដាំកាហ្វេ Arabica បានលើកឡើងថា ការដាំបន្លែ ដើមឈើធំៗ និងដំណាំគម្របដីបែបនេះ វាជួយដល់គុណភាពដី ជាពិសេសដំណាំកាហ្វេដែលត្រូវការម្លប់។ កសិករជនជាតិឡាវរូបនេះ ប្រើប្រាស់វិធីសាស្ត្រនេះច្រើនឆ្នាំមកហើយ បន្ទាប់ពីអ្នកជំនាញកសិកម្មណែនាំលោកឲ្យប្រើប្រាស់វិធីដាំដំណាំបែបកសិ-រុក្ខកម្ម។ លោក សំប៊ុន សាយបរកែវ បន្តថា ការដាំដំណាំកាហ្វេបែបនេះ បានធ្វើឲ្យកាហ្វេរបស់លោកទទួលបានផលល្អ ម្យ៉ាងទៀតដំណាំដែលដាំសម្រាប់ផ្ដល់ជីវជាតិដល់ដី ក៏អាចប្រមូលផលបានដែរ។
ក្នុងចម្ការកាហ្វេរបស់កសិករជនជាតិឡាវ សំប៊ុន សាយបរកែវ ក្រៅពីដាំដំណាំកាហ្វេ គឺមានដំណាំហូបផ្លែ បន្លែ និងដំណាំគម្របដីជាច្រើន។ ដំណាំគម្របដីនៅក្នុងចម្ការកាហ្វេលោក សាយបរកែវ រួមមាន ពោត, សណ្ដែកបារាំង, សណ្ដែកខៀវ, ក្រូចថ្លុង និងដំណាំជាច្រើនទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com