ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រសួង​អប់រំ គួរតែ​បន្ធូរបន្ថយ​វិញ្ញាសា​បាក់​ឌុប ខណៈ​សិស្ស​ប៉ះពាល់​ការសិក្សា ដោយសារ​កូ​វីដ​-១៩?
11, Jun 2020 , 7:59 am        
រូបភាព
រូបភាព សកម្មភាពសិស្សប្រឡង​បាក់ឌុបកាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ
រូបភាព សកម្មភាពសិស្សប្រឡង​បាក់ឌុបកាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ
ដោយ:
​ភ្នំពេញ​៖ ការប្រឡង​ឌី​ប្លូ​ម និង​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ នឹងមិន​ប្រព្រឹត្ត​ទៅតាម​កាលកំណត់​ឡើយ ដោយសារ​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩​។ សិស្ស​នាំគ្នា រៀន​តាម​អន​ឡាញ និង​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ​។ ប៉ុន្តែ​ពួកគេ​នៅតែ​គិតថា ការរៀន​តាម​វិធី​នេះ មិនសូវ​ទទួលបាន​ចំណេះដឹង​ពេញលេញ ដូច​រៀន​នៅ​សាលា​ឡើយ​។ ហេតុនេះ ទើប​ពួកគេ​ចង់​ឲ្យ​ក្រសួង​អប់រំ​កាត់បន្ថយ​វិញ្ញាសា​លើ​មុខវិជ្ជា​មួយចំនួន និង​ដាក់​វិញ្ញាសា​ឲ្យ​សមស្រប​ទៅតាម​កម្រិត​ចំណេះដឹង ដែល​ពួកគេ​ទទួលបាន ក្នុងអំឡុង​កូ​វីដ​-១៩​នេះ​។

 
​យុវ​សិស្ស វីរៈ ណា​រ៉ង ជា​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ កំពុង​សិក្សា​តាម​អន​ឡាញ តាមរយៈ​គោលការណ៍​របស់​ក្រសួង​អប់រំ​។ ក្នុងអំឡុងពេល​រៀន​តាម​អន​ឡាញ​នេះ ណា​រ៉ង តែងតែ​ជួប​ផល​លំបាក​ក្នុងការ​សួរ​គ្រូ នៅពេល​ឆ្ងល់​ត្រង់ចំណុច​មេរៀន​ណាមួយ​ដែល​មិនទាន់​យល់​។ សម្រាប់ ណា​រ៉ង ការរៀន​តាម​អន​ឡាញ គឺ​ពិបាក​សួរ និង​យល់​មេរៀន ជាង​រៀន​ជាមួយ​គ្រូ​ផ្ទាល់​។ ដោយសារ​គិតថា​ខ្លួន​មិន​ទទួលបាន​ចំណេះដឹង​ពេញលេញ​នោះ ណា​រ៉ង ស្នើ​ឲ្យ​ក្រសួង​បន្ថយ​វិញ្ញាសា​មក​ត្រឹម​កម្រិត​ចំណេះ​សិស្ស ដែល​ទទួលបាន​នៅក្នុង​អំឡុងពេល​រៀន​ដោយ​ខ្លួនឯង និង​តាម​អន​ឡាញ​នៅផ្ទះ​នេះ​។ 
 
​សិស្ស​ថ្នាក់​ទី​១២ ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬូ​ប​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពេលដែល​កូ​វីដ​ចូលមក ខ្ញុំ​ធ្លាប់​គិតថា​ឲ្យ​ក្រសួង​គួរតែ​បន្ធូរ​វិញ្ញាសា ឬក៏​ទម្លាក់​ពិន្ទុ​ឲ្យ​ទាប ល្មម​នឹង​ឲ្យ​សិស្ស​ទទួលបាន​។ ខ្ញុំ​ក៏​ចង់​ឲ្យ​ក្រសួង​កំណត់​ពេលវេលា​មួយ​ដែល​អាច​ឲ្យ​សិស្ស​អាច​ប្រឡង ហើយ​វិញ្ញាសា​ចេញ​ឲ្យ​សមាមាត្រ​នឹង​អ្វីដែល​ពួកគាត់​អាចធ្វើ​ទៅបាន​។ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​ក្រសួង​កុំ​បំភ័យ​សិស្ស​ខ្លាំងពេក ព្រោះ​គ្នា​ភ័យ​រឿង​កូ​វីដ​ផង និង​ភ័យ​រឿង​ប្រឡង​ផង​»​។ 
 
​យុវ​សិស្ស អ៊ុត សុ​សី ដែលជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ក៏​ជួបប្រទះ​បញ្ហា​រៀន​តាម​អន​ឡាញ​ដែរ ។ នោះ​ក៏​ព្រោះតែ​ទីលំនៅ​របស់​នាង​មិន​អំណោយផល លើ​ការប្រើ​អ៊ីនធឺណិត ដើម្បី​សិក្សា​តាម​អន​ឡាញ​ឡើយ​។ ដោយសារតែ​មូលហេតុ​នេះហើយ ទើប អ៊ុត សុខ​សី រៀន​តាម​អន​ឡាញ មិនសូវ​បានជា​ប់លាប់​។  យុវ​សិស្ស សុ​សី ប្រាប់​ដូច្នេះ​ថា​៖«​ការរៀន​តាម​អន​ឡាញ ពេលខ្លះ​រៀនៗ វា​ក៏​ដាច់​។ អ៊ីចឹង​មើល​អ្វី​លែងឃើញ​ទៀតហើយ​។  ដូច្នេះ​ការប្រឡង​ឆ្នាំ​ហ្នឹង បើសិនជា​អាច ខាង​ក្រសួង​គួរតែ​បន្ធូរ​វិញ្ញាសា កុំ​ឲ្យ​វា​លំបាក​ដូចនឹង​ឆ្នាំមុនៗ​»​។ 
 
​ទាំង​យុវ​សិស្ស វីរៈ  ណា​រ៉ង និង អ៊ុត សុ​សី គឺ​សុទ្ធតែ​ចង់​ឲ្យ​ក្រសួង​ទទួលយក​សំណើ​នេះ ទៅ​ពិចារណា​ឡើងវិញ ដើម្បី​ជំរុញ​ឲ្យ​សិស្ស​ម្នាក់ៗ​អាច​ប្រឡង​បាក់​ឌុប​បាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា​។ 
 
​ផ្ទុយ​ពី​ការគិត​របស់​យុវ​សិស្ស​ទាំងពីរ​នេះ លោក គាង ដាវី ដែលជា​គ្រូបង្រៀន​ផ្នែក​ភាសា​ខ្មែរ​នៅ​វិទ្យាល័យ​កៀន​ជ្រៃ ខេត្តកំពង់ចាម​វិញ មិន​យល់ស្រប​ឲ្យ​ក្រសួង​អប់រំ​បន្ធូរបន្ថយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឡើយ ព្រោះ​បារម្ភ​ខ្លាច​សិស្ស​ខ្លះ មិន​ខិត​ខំរៀន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកគ្រូ គាង ដាវី ប្រាប់​ដូច្នេះ​ថា​៖«​បើសិនជា​ក្រសួង​ប​ន្ថូ​រ​បន្ថយ​ការប្រឡង​នៅ​ឆ្នាំ​ហ្នឹង វា​ហាក់បីដូចជា​អត់​មាន​គុណភាព យកតែ​ចំនួន​អ្នក​ជាប់​។ ប៉ុន្តែ​គុណភាព​វា​អត់​មាន គឺ​មានតែ​បរិមាណ​។ ក្រសួង​គួរតែ​បន្ត​រឹតបន្តឹង ព្រោះថា​សិស្ស​រៀន គឺ​នៅតែ​រៀន​ហ្នឹង ណាមួយ​វា​ជា​បញ្ហា​មួយ​ដ៏​សិស្ស​ជំនាន់​ក្រោយៗ​ទៀត ព្រោះថា​ទោះបីជា​ស្ថានភាព​ណា​ក៏​នៅតែ​អាច​រៀន​បាន​តាម​ការរៀន​ដោយ​ខ្លួនឯង និង​រៀន​តាម​សៀវភៅ​ភាសា​គោល​»​។​
 
​សម្រាប់​គ្រូបង្រៀន​ភាសា​ខ្មែរ​រូបនេះ នៅតែ​យល់ថា ការពន្យារពេល​ចូលរៀន​នៅតាម​សាលា និង​ពន្យារពេល​ប្រឡង​បាក់​ឌុប និង​ឌី​ប្លូ​ម កំពុងតែ​ធ្វើ​ឲ្យ​សិស្ស​មួយចំនួន​គេចវេះ​ពី​ការរៀនសូត្រ និង​អាច​យក​ឱកាស​នេះ​ទៅធ្វើ​កិច្ចការងារ​អ្វី​ផ្សេង​ទៅវិញ​។ ដោយសារតែ​លោកគ្រូ សង្កេតឃើញ​ស្ថានភាព​នេះហើយ ទើប​លោកគ្រូ​ចង់​ឲ្យ​ក្រសួង​អប់រំ​បន្ត​រឹតបន្តឹង​នៃ​ការប្រឡង ដូចនឹង​ការប្រឡង​នៅ​ឆ្នាំ​កន្លងៗ​ទៅ​។​
 
​លោកគ្រូ ដាវី ក៏​ជំ​រុញឱ្យ​សិស្ស​ខិតខំ​ប្រឹង​រៀនសូត្រ​ដោយ​ខ្លួនឯង និង​តាម​អន​ឡាញ ក្នុងអំឡុងពេល​លំបាក​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ។ ក្នុងន័យនេះ​លោកគ្រូ ដាវី បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​សិស្ស​ដែល​បាន​ប្រឡង​បាក់​ឌុប​ជាប់​នៅ​ឆ្នាំនេះ​ពិតមែន ពួកគេ​នឹង​ក្លាយជា​ធនធាន​ដ៏​ល្អ​សម្រាប់​សង្គម​។ «​បើ​គាត់​ប្រឡង​ជាប់​(​បាក់​ឌុប​ឆ្នាំនេះ​)​នៅក្នុង​ភូមិ​នោះ អាច​នឹង​ល្បីឈ្មោះ​សម្រាប់​ភូមិ​នោះដែរ ព្រោះនេះ​ជា​សមត្ថភាព​របស់​ពួកគាត់ ព្រោះ​គាត់​អត់​បាន​ទៅ​រៀន​នៅ​សាលា គឺ​គាត់​ជាប់​ដោយសារ​គាត់​ប្រឹង​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​គ្រូបង្រៀន​ភាសា​ខ្មែរ នៅ​វិទ្យាល័យ​កៀន​ជ្រៃ ខេត្តកំពង់ចាម​។​
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មិនអាច​ឆ្លើយតប​ទៅតាម​សំណើ​របស់​សិស្ស ដែល​ស្នើឱ្យ​ពិចារណា លើ​ការបន្ធូរបន្ថយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះឡើយ​។ លោក រស់ សុ​វាចា គ្រាន់តែ​បញ្ជាក់ថា  ក្រសួង​នឹង​ប្រកាស​ថ្ងៃ​បរិច្ឆេទ និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ការប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នៅពេល​ក្រោយ​។ អ្វីដែល​លោក សុ​វាចា អាច​បកស្រាយ​បាន​នៅពេលនេះ គឺ​ស្នើឱ្យ​សិស្សានុសិស្ស​បន្ត​ការសិក្សា​តាម​អន​ឡាញ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​។​
 
 
​កាល​ថ្ងៃទី​១៣ ខែមេសា​កន្លងមក លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​នៅតាម​សាលា​ឯកជន ត្រៀមប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ដោយ​ប្រឡង​ពី​ចម្ងាយ ឬ​ប្រឡង​តាម​អេឡិចត្រូនិក ទៅតាម​ការកំណត់​បរិ​ច្ឆេ​ទ​ប្រឡង​របស់​សាលា​ឯកជន​នានា​។ ក្រសួង​ក៏​នឹង​សហការ​ជាមួយ​គ្រឹះស្ថានសិក្សា​ឯកជន​ក្នុង​ដំណើរការ​ប្រឡង​នេះ ដើម្បី​ឲ្យ​ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​គុណភាព និង​តម្លាភាព​។ ចំពោះ​សិស្សានុសិស្ស​នៅតាម​សាលា​រដ្ឋ​វិញ ក្រសួង​ពន្យារពេល​ប្រឡង​សិន និង​កំណត់​ថ្ងៃ​ប្រឡង​នៅពេល​ក្រោយ​៕
 

Tag:
 សិស្ស​
 ​គ្រូ​
 ​ប្រឡង​
 ​បាក់​ឌុប​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com